ប្រាសាទឃ្លាំង
ប្រាសាទឃ្លាំងជាប្រាសាទ២ដាច់ដោយឡែកពីគ្នាដែលមួយឋិតនៅពី ខាងជើង និងមួយទៀតឋិតនៅពីខាងត្បូង ប៉ុន្តែប្រាសាទទាំងពីរនេះឋិតនៅពីខាងក្រោយប្រាសាទសួរព្រ័ត ភាគខាងកើតព្រះបរមរាជវាំង ដោយមានផ្លូវកាត់ពីព្រះបរមរាជវាំងទៅកាន់ទ្វារជ័យនៃក្រុងអង្គរធំ។ ប្រាសាទនេះសាងសង់ឡើងអំពីថ្មភក់ ដោយប្រាសាទឃ្លាំងដែលនៅពីខាងជើងហៅថាប្រាសាទឃ្លាំងជើង និងប្រាសាទដែលនៅពីខាងត្បូងហៅថាប្រាសាទឃ្លាំងត្បូង។ ប្រាសាទទាំងពីរនេះថ្វីត្បិត តែសាងសង់ឡើងនៅមុនក្រោយគ្នាក៏ដោយ ប៉ុន្តែមានរូបរាងស្ទើរដូចគ្នាទាំងស្រុងទោះបីប្រាសាទឃ្លាំងខាងត្បូង តូចជាងបន្តិចក៏ដោយ។ ប្រាសាទឃ្លាំងខាងជើងកសាងឡើងនៅសតវត្សទី១០ដោយព្រះបាទជ័យវរ្ម័នទី៥ និងប្រាសាទឃ្លាំងខាងត្បូងកសាងឡើងនៅសតវត្សទី១១ដោយព្រះបាទសូរ្យ វរ្ម័នទី។ ក្រៅពីប្រាសាទទាំងពីរដែលឋិតក្នុងរចនាបថឃ្លាំង នៅមានប្រាសាទផ្សេងទៀតដូចជាប្រាសាទភិមានអាកាស និងប្រាសាទតាកែវក៏ ឋិតក្នុងរចនាបថឃ្លាំងផងដែរ។ ឃ្លាំងមានន័យថាជាបន្ទប់សម្រាប់ផ្ទុកនូវសម្ភារផ្សេងៗ ក៏ប៉ុន្តែប្រាសាទនេះមិនមែនជាឃ្លាំងផ្ទុកដូចឈ្មោះនោះទេ ផ្ទុយទៅវិញ តាមការសិក្សាស្រាវជ្រាវរបស់អ្នកប្រវត្តិសាស្ត្របានបង្ហាញថា ទីនេះទំនងជាកន្លែងសម្រាប់ទទួលភ្ញៀវរបស់ព្រះមហាក្សត្រ ដូចជាពួកអភិជន ឬជនបរទេសជាដើម។ ប្រាសាទឃ្លាំងខាងជើងកាលដើមឡើយក្នុងរាជព្រះបាទរាជេន្ទ្រវរ្ម័នទី២ សាងសង់ឡើងពីឈើ ប៉ុន្តែត្រូវរុះរើជួសជុលពីថ្មភក់វិញម្ដងដោយព្រះបាទជ័យវរ្ម័នទី៥មុនការសាងសង់ប្រាសាទឃ្លាំងខាងត្បូង។
អត្ថបទដកស្រង់ចេញពី http://km.wikipedia.org
No comments:
Post a Comment