Tuesday, September 30, 2014

ប្រាសាទ​ចៅ​ស្រីវិបុល

ប្រាសាទ​ចៅស្រីវិបុល







ប្រាសាទ​បន្ទាយសំរែ

ប្រាសាទ​បន្ទាយសំរែ




    ប្រាសាទបន្ទាយសំរែ ជាប្រាសាទធំ និង​រាប​ស្មើ​ដែល​បង្ហាញ​រចនាប័ទ្ម​ច្បាស់​ដូច​គ្នា​នឹង​រចនាប័ទ្ម​អង្គរវត្ត​ទាំង​ស្ថាបត្យកម្ម និងសិល្បៈ ហើយកសាងឡើងនៅពាក់កណ្ដាលសតវត្សរ៍ទី១២ ដោយ​ព្រះ​បាទ​​សូរ្យវរ្ម័នទី២។ ប្រាសាទទទួលបានការជួសជុលយ៉ាងច្រើនក្នុងសតវត្សរ៍នេះដោយបុរាណវិទូ​ដោយ​​ប្រើ​វិធី​សាស្ត្រ​តំណ (anastylosis)។



     បន្ទាយសំរែត្រូវបានកសាងប្រហាក់ប្រហែលគ្នានឹងរយៈពេលកសាងអង្គរវត្ត​ដែរ។ រចនា​ប័ទ្ម​នៃ​ប៉ម​​និង​​បង្កាន់​​ដៃ​បង្ហាញ​នូវ​ភាពដូចគ្នាយ៉ាងខ្លាំងទៅ នឹងប៉មរបស់ប្រាសាទអង្គរវត្ត និង​កាន់​តែ​ដូច​គ្នា​យ៉ាង​ខ្លាំង​ទៅ​នឹង​ប្រាសាទ​ខ្មែរ​ភីម៉ៃ​ដែល​នៅ​ក្នុង​ប្រទេស​ថៃ។



     ចម្លាក់​ជា​ច្រើន​ស្ថិត​ក្នុង​សភាព​ល្អ​បំផុត​។ បន្ទាយ​សំរែ​នៅ​ឆ្ងាយ​ពី​វង់​ធំ​បន្តិច​នៅ​​ជិត​​ភាគ​​អាគ្នេយ៍​​បារាយណ៍​​ខាង​​កើត​។​ ការធ្វើដំណើរទៅទីនោះ គឺ​មាន​ចម្ងាយ​ត្រឹម​តែ​៣​គីឡូ​ម៉ែត្រ​កាត់​តាម​ភូមិ​និង​វាល​ស្រែ​។ ភ្ញៀវ​អាច​បញ្ចូល​គ្នា​រវាង​ការ​ទស្សនា​ប្រាសាទ​បន្ទាយ​ស្រី​ ជាមួយ​​នឹង​​ការ​​ឈប់​​សម្រាក​​ការ​​បន្ដ​​ដំណើរ ​ហើយ​ចូល​ទស្សនា​ប្រាសាទ​បន្ទាយ​សំរែ​នៅ​តាម​ផ្លូវ​ត្រលប់​មក​វិញ​។


ដកស្រង់​ចេញ​ពី​ http://travel.khmer79.com






ប្រាសាទ​តាសោម

ប្រាសាទ​តាសោម




    ប្រាសាទ​តាសោម ៖ ប្រាសាទ​ថ្ម​ភក់​ស្ថិត​នៅ​ជ្រុង​ឦសាន​បារាយណ៍​ខាង​ជើង។​ ប្រាសាទ​នេះ​មាន​ប្រាង្គ​ធំ​មួយ​មាន​ទ្វារ​ចូល និង​យ៉ពី​គ្រប់​បួន​ទិស និង​មាន​បណ្ណាល័យ​នៅ​ជ្រុង​ឦសាន និង​អាគ្នេយ៍ ​ព័ទ្ធ​ដោយ​កំពែង ​៣ ​ជាន់ (រាប់​ពី​ក្នុង​មក​ក្រៅ​)​។ កំពែង​ទី ​១ (ទំហំ ​20 ម៉. x 30 ម៉.) ជា​ថែវ​ថ្ម​ភក់​ព័ទ្ធ​ជុំវិញ ​បន្ទាប់​មក​កំពែង​ថ្ម​បាយ​ក្រៀម ​មាន​ទ្វារ​ចូល​ពី​ទិស​ខាង​កើត ​និង​ខាង​លិច ​និង​ចុង​ក្រោ​យ​កំពែង​ថ្ម​បាយ​ក្រៀម​ដែរ ​មាន​គោបុរៈ ​(ខ្លោង​ទ្វារ​ធំ​) ចូល​ពី​ទិស​ខាង​កើត​ និង​ខាង​លិច ​(រូប​ខាង​ក្រោម​) ។ ប្រាសាទ​នេះ​មាន​សិលា​ចារឹក​លេខ ​K. 460, K. 665, K. 1025 និង K. 1026 ។


ដកស្រង់​ចេញ​ពី​ http://tamabmmo.wordpress.com







ប្រាសាទ​កោះកេ

ប្រាសាទ​កោះកេ




     ប្រាសាទកោះកេកសាងនៅក្នុងសតវត្សទី ១០ ដែល​មាន​ប្រាសាទ​សរុបប្រមាណ​ជា ៥០ ​ដែល​មួយ​ចំនួន​នៃ​ប្រាសាទ​​ស្ថិត​​នៅ​​ក្នុង​ព្រៃ។ ក្នុង​នោះ​មាន​ប្រាសាទ​ពីរ​ដែល​មាន​រចនាបទ​ល្អឥត​ខ្ចោះ​ គឺ​ប្រាសាទ​ក្រហម​ ដែល​កសាង​ពី​ដី​ឥដ្ឋ និង​​ជា​​កន្លែង​​ស្នាក់​​​របស់​​​ព្រះ​​បាទ​ជ័យ​វរ្ម័ន​ទី ​៤ ​មួយ​ទៀត​គឺ​ប្រាសាទ ​កោះប៉ាង​ ឬ​ប្រាសាទ​ធំ​ ដែល​មាន​កម្ពស់​ ៦៥​ម៉ែត្រ​ដែល​មាន​ទ្រង់ទ្រាយ​ពាក់​កណ្តាល​ជា​រាង​ពីរ៉ាមីត ដែល​ចម្លង​​តាម​​ទេវក​ថា ភ្នំ​មែរ៉ូ (Mount Meru)។



     ប្រាសាទ​កោះកេ​ស្ថិត​នៅ​ចម្ងាយ​ ១៣០​គីឡូ​មែត្រ​ភាគ​ខាង​ជើង​នៃ​ខេត្ត​សៀមរាប ​ដែល​អ្នក​ធ្វើ​ដំណើរ​អាច​រក​ជួល​តាក់ស៊ី​បាន​គ្រប់​ទីកន្លែង​ដែល​មាន​តម្លៃ​ពី​ ៥០ ​ទៅ ​១០០​ដុល្លារ​ក្នុង​មួយ​ថ្ងៃ ​ហើយ​សម្រាប់​ផ្លូវ​ចូល​ទៅ​កាន់​ប្រាសាទ​អ្នក​ត្រូវ​ចម្ងាយ ​១០​ដុល្លារ​សម្រាប់​ជន​បរទេស។​ នៅ​ពីមុខ​ប្រាសាទ​ធំ ​មាន​លក់​អាហារ ​ប៉ុន្តែ​គ្មាន​កន្លែង​ស្នាក់​នៅ​ទេ​ ដូច្នេះ​អ្នក​អាច​យក​នូវ​តង់​ ឬ​អង្រឹង​ទៅ​ជាមួយ​ប្រសិន​បើ​អ្នក​ចង់​ស្នាក់​នៅ​ពេល​យប់​។


អត្ថបទដកស្រង់​ចេញ​ពី​ http://m-pink.com



ប្រាសាទ​ព្រះ​គោ

ប្រាសាទ​ព្រះ​គោ


     សាងសង់​ឡើង​នៅ​ឆ្នាំ​៨៧៩ ​ដោយ​ព្រះ​បាទ​ឥន្ទ្រវរ្ម័ន​ទី​១ ​(៨៧៧-៨៨៩ នៃ​គ.ស)​ នៅ​មាន​បច្ឆា​នាម ​ឥស្វារៈ​លោកា ​ប្រាសាទ​ព្រះ​គោ ​មាន​តួ​ប៉ម​៦ ​រៀប​ចំ​ជា ​២ ​ជួរ​ ត្រូវ​បាន​ឧទ្ទិស​ដល់​វិញ្ញាណ​ក្ខន្ធ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​២ ​ដោយ​បុព្វបុរស​របស់​ព្រះ​បាទ​ ឥន្ទ្រ​វរ្ម័ន​ទី​១ ។



     បើ​យើង​ពិនិត្យ​មើល​ឲ្យ​បាន​ត្រឹម​ត្រូវ​ យើង​នឹង​ឃើញ​ថា ​ប្រាសាទ​នេះ ​ដែល​ត្រូវ​បាន​​សាង​សង់​លើ​ខឿន​មួយ​ មាន​កំពែង​៣ ​ជាន់ ​ទ្វារ​ចូល ​(គោបុរៈ) ​២ ​កើត​និង​លិច ​និង​តួប៉ម​៦ ​ស្ថិត​ក្នុង​កំពែង​មួយ​ដែល​រាង​៤​ជ្រុង​ស្មើ ​(កំពែង​ទី​២​​) ​ដោយ​ហ៊ុម​ព័ទ្ធ​ដោយ​គូ​ទឹក ​។ លក្ខណៈ​ពិសេស ​នៃ ​ប្រាសាទ​ព្រះ​គោ ​នេះ ​ដែល​តាម​ពិត​ទៅ​គឺ​តំណាង​ឲ្យ​លោក​ធាតុ​វិទ្យា​ គឺ​ជា​ប្រាង្គ ​ឬ ​តួ​ប៉ម​កណ្ដាល​ មាន​លក្ខណៈ​ខ្ពស់​ជាង​គេ​ដែល​តំណាង​ឲ្យ​ភ្នំ​សុមេរុ។​







ប្រាសាទ​ឃ្លាំង

ប្រាសាទ​ឃ្លាំង




     ប្រាសាទ​ឃ្លាំង​ជា​ប្រាសាទ​២​ដាច់​ដោយ​ឡែក​ពី​គ្នា​ដែល​មួយ​ឋិត​នៅ​ពី ​ខាង​ជើង និង​មួយ​ទៀត​ឋិត​នៅ​ពី​ខាង​ត្បូង ​ប៉ុន្តែ​ប្រាសាទ​ទាំង​ពីរ​នេះ​ឋិត​នៅ​ពី​ខាង​ក្រោយ​ប្រាសាទ​សួរ​ព្រ័ត ​ភាគ​ខាង​កើត​ព្រះ​បរម​រាជ​វាំង​ ដោយ​មាន​ផ្លូវ​កាត់​ពី​ព្រះ​បរម​រាជ​វាំង​ទៅ​កាន់​ទ្វារ​ជ័យ​នៃ​ក្រុង​អង្គរ​ធំ។​ ប្រាសាទ​នេះ​សាង​សង់​ឡើង​អំពី​ថ្ម​ភក់ ​ដោយ​ប្រាសាទ​ឃ្លាំង​ដែល​នៅ​ពី​ខាង​ជើង​ហៅ​ថា​ប្រាសាទ​ឃ្លាំង​ជើង​ និង​ប្រាសាទ​ដែល​នៅ​ពី​ខាង​ត្បូង​ហៅ​ថា​ប្រាសាទ​ឃ្លាំង​ត្បូង​។ ប្រាសាទ​ទាំង​ពីរ​នេះ​ថ្វី​ត្បិត ​តែ​សាង​សង់​ឡើង​នៅ​មុន​ក្រោយ​គ្នា​ក៏ដោយ​ ប៉ុន្តែ​មាន​រូបរាង​ស្ទើរ​ដូចគ្នា​ទាំង​ស្រុង​ទោះ​បី​ប្រាសាទ​ឃ្លាំង​ខាង​ត្បូង​ តូច​ជាង​បន្តិច​ក៏​ដោយ។ ​ប្រាសាទ​ឃ្លាំង​ខាង​ជើង​កសាង​ឡើង​នៅ​សតវត្ស​ទី​១០​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៥ ​និង​ប្រាសាទ​ឃ្លាំង​ខាង​ត្បូង​កសាង​ឡើង​នៅ​សតវត្ស​ទី​១១​ដោយ​ព្រះ​បាទ​សូរ្យ ​វរ្ម័ន​ទី​។ ក្រៅ​ពី​ប្រាសាទ​ទាំង​ពីរ​ដែល​ឋិត​ក្នុង​រចនាបថ​ឃ្លាំង ​នៅ​មាន​ប្រាសាទ​ផ្សេង​ទៀត​ដូច​ជា​ប្រាសាទ​ភិមាន​អាកាស ​និង​ប្រាសាទ​តាកែវ​ក៏​ ឋិត​ក្នុង​រចនាបថ​ឃ្លាំង​ផង​ដែរ។​ ឃ្លាំង​មាន​ន័យ​ថា​ជា​បន្ទប់​សម្រាប់​ផ្ទុក​នូវ​សម្ភារ​ផ្សេងៗ ​ក៏ប៉ុ​ន្តែ​ប្រាសាទ​នេះ​មិន​មែន​ជា​ឃ្លាំង​ផ្ទុក​ដូច​ឈ្មោះ​នោះ​ទេ ​ផ្ទុយ​ទៅ​វិញ ​តាម​ការ​សិក្សា​ស្រាវជ្រាវ​របស់​អ្នក​ប្រវត្តិ​សាស្ត្រ​បាន​បង្ហាញ​ថា ​ទីនេះ​ទំនង​ជា​កន្លែង​សម្រាប់​ទទួល​ភ្ញៀវ​របស់​ព្រះ​មហា​ក្សត្រ​ ដូច​ជា​ពួក​អភិជន ​ឬ​ជន​បរទេស​ជាដើម។ ​ប្រាសាទ​ឃ្លាំង​ខាង​ជើង​កាល​ដើម​ឡើយ​ក្នុង​រាជ​ព្រះ​បាទ​រាជេន្ទ្រវរ្ម័ន​ទី​២ សាង​សង់​ឡើង​ពី​ឈើ ប៉ុន្តែ​ត្រូវ​រុះ​រើ​ជួស​ជុល​ពី​ថ្មភក់​វិញ​ម្ដង​ដោយ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី៥​មុន​ការ​សាងសង់​ប្រាសាទ​ឃ្លាំង​​ខាង​ត្បូង។​


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org



ប្រាសាទ​ជ្រុង

ប្រាសាទ​ជ្រុង




     ​ប្រាសាទ​ជ្រុង​ជា​ប្រាសាទ​តូច​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាង​ក្រៅ​នៃ​ប្រាសាទ​បាយ័ន ​នៅ​ត្រង់​កន្លែង​កាច់​ជ្រុង​នៃ​ទន្លេ​អុំ ។ ​នៅ​ខ្លោង​ទ្វារ​ចូល​ផ្នែក​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​ធំ ​ហើយ​បត់​ខាង​ឆ្វេង​ដៃ​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ​អុំ ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដល់​កន្លែង​កាច់​ជ្រុង​នៃ​កំពែង​ប្រាសាទ​ យើង​​នឹង​ឃើញ​ប្រាសាទ​តូច​មួយ ​ទីនោះ​ហើយ​ជា​ប្រាសាទ​ជ្រុង​​។ ​ប្រាសាទ​ជ្រុង​ជា​កន្លែង​អាច​ទស្សនា​ទេសភាព​ថ្ងៃ​លិច​ដ៏​ពិសិដ្ឋ​និង​ គួរ​ឱ្យ​ចាប់​អារម្មណ៍។​



     បើ​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​ និង​ ចង​ក្រង​ដោយ ​គង្គា​អង្គរ​ របស់​ក្រុមហ៊ុន ​ហ្គ្រីង​អឺស ​បាន​ឱ្យ​ដឹង​ថា ប្រាសាទជ្រុងគឺជាប្រាសាទ​តូច ច្រឡឹង​ល្អ​ប្រណីត​មួយ ​ដែល​មាន​ក្បាច់​រចនា​ផ្កា​ភ្ញី​រស់រវើក ​អម​ដោយ​ចម្លាក់​ អាទិទេព​ជា​ច្រើន​នៅ​គ្រប់​ផ្នែក​សំណង់​នៃ​ប្រាសាទ​។ ​តួ​ប៉ម​ប្រាសាទ​នេះ​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ ខណ្ឌ​ជា​បន្ទប់ៗ ​សាងសង់​ឡើង​អំពី​ថ្មភក់ ​និង ​ថ្ម​បាយ​ក្រៀម​ មាន​ទំហំ​ប្រមាណ ​១៥ ​ម៉ែត្រ ​គុណ ​១០​ ម៉ែត្រ មាន​កម្ពស់​ប្រហែល ​៥,៧ ​ម៉ែត្រ ​ពី​លើ​ខ្នង​កំពែង ​សង់​នៅ​លើ​កំពែង​អង្គរ​ធំ ​ចំ​ត្រង់​កែង​នៃ​កំពែង​ទិស​ទក្សិណ ​និង​ ទិស​បស្ចិម។​ ប្រាសាទ​នេះ​កសាង​នៅ​​ចុង​សតវត្សរ៍​ទី១២ ​ដែល​ជា​ស្នា​ព្រះ​ហស្ត ​របស់​ព្រះ​មហាវីរក្សត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​។ ​នៅក្នុង​សម័យ​អង្គរ​ ប្រាសាទ​ជ្រុង​គឺ​ជា ​ហោត្រ័យ​ ឬ ​បណ្ណា​ល័យ​តម្កល់​ទុក​នូវ​ផ្ទាំង​សិលា​ចារឹក​ដ៏​សំខាន់​ដែល​ពិពណ៌នា​ យ៉ាង​ពិស្តារ​អំពី​ការ​ស្ថាបនា​​កសាង​មហា​កំពែង ​កសិណទឹក​ព័ទ្ធ​ជុំវិញ ​និង ​ទ្វារ​ ចូល​រាជធានី​អង្គរ​ធំ ​ក្នុង​រជ្ជកាល​ព្រះ​មហាវីរក្សត្រ​ជ័យ​វរ្ម័ន​ទី​៧​។ រហូត​មក​ទល់ ​ពេល​នេះ ​ប្រាសាទ​ជ្រុង​ទទួល​រង​ការ​បាក់​បែក​ផ្នែក​ខ្លះៗ​ដោយសារ​អាយុ​កាល ​និង​ការ​បំផ្លិច​បំផ្លាញ​របស់​មនុស្ស​។ នៅ​តាម​ខ្នង​កំពែង​ខាង​កើត​ប្រាសាទ​ប្រមាណ​២០០​ម៉ែត្រ ​មាន​រន្ធទ្វារ​សម្ងាត់​ចំនួន​ប្រាំ​ដែល​អ្នក​ស្រុក​ហៅ​ថា ​រន្ធត្រដេវ​តាំង​ពី​យូរ​ណាស់​មក​ហើយ ​ពីព្រោះ​មាន​សត្វ​ត្រដេវ​ធ្លាប់​ធ្វើ​សំបុក​នៅ​ទីនោះ ​ទើប​អ្នក​ស្រុក​ហៅ​ឈ្មោះ​នេះ​រហូត​មក។ ​តាម​លក្ខណៈ ​ភូមិសាស្ត្រ​រន្ធ​នេះ​គឺ​ជា​ច្រក​ទឹក​ចេញ​ចូល​រវាង ​ទន្លេ​អុំ និង បឹង​តូចៗ​នៅ​ភាគ​និរតី​នៃ​អង្គរ​ធំ ហើយ​វា​ក៏​ប្រាកដ​ជា​ច្រក​សម្ងាត់​សម្រាប់​ការ​រត់​ភៀស​ខ្លួន​របស់​ស្តេច ​ឬ​មន្ត្រី​នៅ​ក្នុង​ករណី​មាន​ភយន្តរាយ​ណាមួយ​ជាយ​​ថា​ហេតុផង​ដែរ​។ ​រូង​ ទាំង​ប្រាំ​នេះ​សង់​ទម្លុះ​មហា​កំពែង​ដ៏​រឹងមាំ​របស់ ​អង្គរ​ធំ ​ដែល​ស្ថិត​នៅ​ជាប់ៗ​គ្នា ​ប៉ុន្តែ​វា​មាន​ទំហំ ​មិន​ស្មើ​គ្នា​ទេ ​រូង​កណ្តាល​ធំ​ហើយ​ខ្ពស់​ជាង​គេ ​បន្តិច​ គឺ​ទទឹង​ទំហំ​ប្រមាណ​ ១,៥ ​ម៉ែត្រ ​និង​ កម្ពស់ ​២ ​ម៉ែត្រ។​


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org