Tuesday, September 30, 2014

ប្រាសាទ​ជ្រុង

ប្រាសាទ​ជ្រុង




     ​ប្រាសាទ​ជ្រុង​ជា​ប្រាសាទ​តូច​មួយ​ដែល​ស្ថិត​ក្នុង​បរិវេណ​កំពែង​ខាង​ក្រៅ​នៃ​ប្រាសាទ​បាយ័ន ​នៅ​ត្រង់​កន្លែង​កាច់​ជ្រុង​នៃ​ទន្លេ​អុំ ។ ​នៅ​ខ្លោង​ទ្វារ​ចូល​ផ្នែក​ខាង​ត្បូង​នៃ​ប្រាសាទ​អង្គរ​ធំ ​ហើយ​បត់​ខាង​ឆ្វេង​ដៃ​ធ្វើ​ដំណើរ​តាម​មាត់​ទន្លេ​អុំ ​ឆ្ពោះ​ទៅ​ទិស​ខាង​លិច​ដល់​កន្លែង​កាច់​ជ្រុង​នៃ​កំពែង​ប្រាសាទ​ យើង​​នឹង​ឃើញ​ប្រាសាទ​តូច​មួយ ​ទីនោះ​ហើយ​ជា​ប្រាសាទ​ជ្រុង​​។ ​ប្រាសាទ​ជ្រុង​ជា​កន្លែង​អាច​ទស្សនា​ទេសភាព​ថ្ងៃ​លិច​ដ៏​ពិសិដ្ឋ​និង​ គួរ​ឱ្យ​ចាប់​អារម្មណ៍។​



     បើ​តាម​ឯកសារ​ដែល​ស្រាវជ្រាវ​ និង​ ចង​ក្រង​ដោយ ​គង្គា​អង្គរ​ របស់​ក្រុមហ៊ុន ​ហ្គ្រីង​អឺស ​បាន​ឱ្យ​ដឹង​ថា ប្រាសាទជ្រុងគឺជាប្រាសាទ​តូច ច្រឡឹង​ល្អ​ប្រណីត​មួយ ​ដែល​មាន​ក្បាច់​រចនា​ផ្កា​ភ្ញី​រស់រវើក ​អម​ដោយ​ចម្លាក់​ អាទិទេព​ជា​ច្រើន​នៅ​គ្រប់​ផ្នែក​សំណង់​នៃ​ប្រាសាទ​។ ​តួ​ប៉ម​ប្រាសាទ​នេះ​បែរ​មុខ​ទៅ​ទិស​ខាង​កើត​ ខណ្ឌ​ជា​បន្ទប់ៗ ​សាងសង់​ឡើង​អំពី​ថ្មភក់ ​និង ​ថ្ម​បាយ​ក្រៀម​ មាន​ទំហំ​ប្រមាណ ​១៥ ​ម៉ែត្រ ​គុណ ​១០​ ម៉ែត្រ មាន​កម្ពស់​ប្រហែល ​៥,៧ ​ម៉ែត្រ ​ពី​លើ​ខ្នង​កំពែង ​សង់​នៅ​លើ​កំពែង​អង្គរ​ធំ ​ចំ​ត្រង់​កែង​នៃ​កំពែង​ទិស​ទក្សិណ ​និង​ ទិស​បស្ចិម។​ ប្រាសាទ​នេះ​កសាង​នៅ​​ចុង​សតវត្សរ៍​ទី១២ ​ដែល​ជា​ស្នា​ព្រះ​ហស្ត ​របស់​ព្រះ​មហាវីរក្សត្រ​ព្រះ​បាទ​ជ័យ​វរ្ម័ន​ទី​៧​។ ​នៅក្នុង​សម័យ​អង្គរ​ ប្រាសាទ​ជ្រុង​គឺ​ជា ​ហោត្រ័យ​ ឬ ​បណ្ណា​ល័យ​តម្កល់​ទុក​នូវ​ផ្ទាំង​សិលា​ចារឹក​ដ៏​សំខាន់​ដែល​ពិពណ៌នា​ យ៉ាង​ពិស្តារ​អំពី​ការ​ស្ថាបនា​​កសាង​មហា​កំពែង ​កសិណទឹក​ព័ទ្ធ​ជុំវិញ ​និង ​ទ្វារ​ ចូល​រាជធានី​អង្គរ​ធំ ​ក្នុង​រជ្ជកាល​ព្រះ​មហាវីរក្សត្រ​ជ័យ​វរ្ម័ន​ទី​៧​។ រហូត​មក​ទល់ ​ពេល​នេះ ​ប្រាសាទ​ជ្រុង​ទទួល​រង​ការ​បាក់​បែក​ផ្នែក​ខ្លះៗ​ដោយសារ​អាយុ​កាល ​និង​ការ​បំផ្លិច​បំផ្លាញ​របស់​មនុស្ស​។ នៅ​តាម​ខ្នង​កំពែង​ខាង​កើត​ប្រាសាទ​ប្រមាណ​២០០​ម៉ែត្រ ​មាន​រន្ធទ្វារ​សម្ងាត់​ចំនួន​ប្រាំ​ដែល​អ្នក​ស្រុក​ហៅ​ថា ​រន្ធត្រដេវ​តាំង​ពី​យូរ​ណាស់​មក​ហើយ ​ពីព្រោះ​មាន​សត្វ​ត្រដេវ​ធ្លាប់​ធ្វើ​សំបុក​នៅ​ទីនោះ ​ទើប​អ្នក​ស្រុក​ហៅ​ឈ្មោះ​នេះ​រហូត​មក។ ​តាម​លក្ខណៈ ​ភូមិសាស្ត្រ​រន្ធ​នេះ​គឺ​ជា​ច្រក​ទឹក​ចេញ​ចូល​រវាង ​ទន្លេ​អុំ និង បឹង​តូចៗ​នៅ​ភាគ​និរតី​នៃ​អង្គរ​ធំ ហើយ​វា​ក៏​ប្រាកដ​ជា​ច្រក​សម្ងាត់​សម្រាប់​ការ​រត់​ភៀស​ខ្លួន​របស់​ស្តេច ​ឬ​មន្ត្រី​នៅ​ក្នុង​ករណី​មាន​ភយន្តរាយ​ណាមួយ​ជាយ​​ថា​ហេតុផង​ដែរ​។ ​រូង​ ទាំង​ប្រាំ​នេះ​សង់​ទម្លុះ​មហា​កំពែង​ដ៏​រឹងមាំ​របស់ ​អង្គរ​ធំ ​ដែល​ស្ថិត​នៅ​ជាប់ៗ​គ្នា ​ប៉ុន្តែ​វា​មាន​ទំហំ ​មិន​ស្មើ​គ្នា​ទេ ​រូង​កណ្តាល​ធំ​ហើយ​ខ្ពស់​ជាង​គេ ​បន្តិច​ គឺ​ទទឹង​ទំហំ​ប្រមាណ​ ១,៥ ​ម៉ែត្រ ​និង​ កម្ពស់ ​២ ​ម៉ែត្រ។​


អត្ថបទដកស្រង់​ចេញ​ពី​ http://km.wikipedia.org






No comments:

Post a Comment